រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុប និងក្រុមប្រឹក្សាតំបន់នៃទីក្រុង Markham ប្រទេសកាណាដា

រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុប និងក្រុមប្រឹក្សាតំបន់នៃទីក្រុង Markham ប្រទេសកាណាដា

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុញ្ញាតជូនលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) និងគណៈប្រតិភូ ដែលជាតំណាងក្រុមហ៊ុន និងសមាគមន៍អន្តរជាតិមកពីបណ្តាប្រទេសសហភាពអឺរ៉ុបប្រមាណ១១ក្រុមហ៊ុន/សមាគមន៍ ដើម្បីជួបសម្តែងការគួរសម។

ក្នុងជំនួបនោះ បានពិភាក្សាអំពីវឌ្ឍនភាពធុរកិច្ចនិងវិនិយោគ អំពីការបោះពុម្ពផ្សាយសៀវភៅធុរកិច្ច EuroCham White Book 2024 ព្រមទាំងអំពីសំណូមពរពាក់ព័ន្ធគោលនយោបាយពាណិជ្ជកម្ម និងលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម នៅកម្ពុជា។

នៅព្រឹកដដែលនេះ លោកស្រីរដ្ឋមន្ដ្រី ក៏បានអនុញ្ញាតជូនលោក Michael Chan អភិបាលរង និងជាក្រុមប្រឹក្សាតំបន់នៃទីក្រុង Markham និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិភាពជាដៃគូ ក្នុងការផលិតកសិផលមានសក្តានុពលកម្ពុជា ឲ្យមានគុណភាពខ្ពស់ និងនាំចេញទៅកាន់ទីផ្សារប្រទេសកាណាដា។

នៅក្នុងជំនួបនេះ ក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលផ្តល់វិញ្ញាបនបត្រ និងធ្វើតេស្តគុណភាព សម្រាប់ការនាំចូល និងនាំចេញផងដែរ៕

Write a Comment